“ខ្ញុំមិនដែលបានគិតថា ខ្ញុំនឹងធ្លាក់ខ្លួនជាអ្នកគ្មានផ្ទះសម្បែង/ជនអនាថាឡើយ”

%E2%80%9C%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%82%E1%9E%B7%E1%9E%8F%E1%9E%90%E1%9E%B6+%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%92%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%BD%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%82%E1%9F%92%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%91%E1%9F%87%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%94%E1%9F%82%E1%9E%84%2F%E1%9E%87%E1%9E%93%E1%9E%A2%E1%9E%93%E1%9E%B6%E1%9E%90%E1%9E%B6%E1%9E%A1%E1%9E%BE%E1%9E%99%E2%80%9D

Malcolm Garret via Pexels

[យោបល់របស់អ្នកចេញផ្សាយ៖ ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស នៃទីក្រុងឡុងប៊ិចបានស្នើ ប្រព័ន្ធផ្សព្វផ្សាយឱ្យកំណត់អត្តសញ្ញាណរបស់អ្នកគ្មានផ្ទះសម្បែង ដោយផ្ដល់តែឈ្មោះជាអក្សរកាត់​តែប៉ុណ្តោះក្នុងគោលបំណងដើម្បីសុវត្តិភាព។]

R.C អាយុ ៦២ឆ្នាំ ដែលមានដើមកំណើតនៅទីក្រុងឡុងប៊ិច បាននិយាយថា “ខ្ញុំមិនដែលបានគិតថា ខ្ញុំ នឹងធ្លាក់ខ្លួនជាជនគ្មានផ្ទះសម្បែងឡើយ”។

គាត់បានក្រេបកាហ្វេតិចៗ ពីកំប៉ុងទទេមួយជារបស់គេប្រើប្រាស់សំរាប់ដាក់កញ្ឆាដែលគាត់បានរើសពី ធុងសំរាម។​ កាហ្វេនោះគឺបុរសម្នាក់ទៀតទើបតែចាក់ឱ្យ​ R.C ពីកែវកាហ្វេម៉ាក McCafe របស់គាត់។

R.C ជាអ្នកធំដឹងក្តីនៅក្នុងតំបន់ Bixby Knolls ។

គាត់បាននិយាយថា “ខ្ញុំមកពីគ្រួសារដ៏មានជីវភាពធូរធារមួយ”។

គាត់ធ្លាប់មានផ្ទះនៅឆ្នេរសមុទ្រ ហើយនិងទូកជិះលេងកំសាន្តមួយផងដែរ ក៏ប៉ុន្តែដោយសារតែ​បញ្ហាលែងលះគ្នាជាច្រើនលើកច្រើនសារបានធ្វើឱ្យ​គាត់បានបាត់បង់របស់ទាំងអស់នោះ។

“យ៉ាងហោចណាស់ខ្ញុំមានរបស់របរទំាងអស់នោះសំរាប់បាត់បង់ តែមនុស្សខ្លះមិនមាន​អ្វីទាំងអស់” គាត់​និយាយបណ្តើរ​​ គាត់បញ្ឆេះបារីដែលរើសបានពីដីមកជក់បណ្តើរ។
បញ្ហាផ្លូវចិត្តរបស់គាត់បានរារាំងគាត់ពីការទទួលបានការងារធ្វើ ឬក៏ទទួលបានទីជម្រកស្នាក់នៅ។ យន្តការដោះស្រាយបញ្ហារបស់គាត់គឺជាការបរាជ័យម្តងទៀត។

គាត់បាននិយាយថា “ខ្ញុំធ្លាប់បានប្រឈមជាមួយបញ្ហានៃការសេពគ្រឿងស្រវឹងមិនប្រក្រតីរបស់ខ្ញុំ ទាំងពេលដែលខ្ញុំស្រវឹងខ្លាំង និងមិនសូវស្រវឹង“។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះគាត់បាន​ស្វាង​ពីជាតិស្រវឹង បន្ទាប់ពីបានប្រើថ្នាំ។

គាត់ធ្លាប់ស្ថិតក្នុងស្ថានភាពម្ដងមាន ម្តងគ្មានផ្ទះសម្បែងរស់នៅអស់រយៈពេលជាច្រើនឆ្នាំ។ ពេលខ្លះ​គាត់​​ស្នាក់នៅផ្ទះមិត្តភក្តិរបស់គាត់ ប៉ុន្តែគាត់បានសំរេចចិត្តចាកចេញ។
គាត់បានបន្តទៀតថា “ខ្ញុំបានស្នាក់នៅតាមដងផ្លូវកាលពីយប់មិញ”។

គាត់បានថ្លែងអំណរគុណដល់ក្រុមអ្នកស្ម័គ្រចិត្ត ដែលនៅជុំវិញស្តាប់គាត់នៅពេលគាត់និយាយរៀបរាប់ ជាការដែលទទួលស្គាល់បញ្ហាគ្មានផ្ទះសម្បែងនៅក្នុងសង្គម។
បន្ទាប់ពីត្រូវបានគេផ្តល់ប័ណ្ណអំណោយអោយសម្រាប់ការស្ទង់មតិ គាត់បាននិយាយថា “តើអ្នកឃើញ​ពីរបៀបដែលព្រះថែរក្សាខ្ញុំដែរ រឺទេ?”

មនុស្សប្រមាណ ២០០ នាក់បានភ្ញាក់ពីព្រលឹមស្រាងៗ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ដើម្បីចូលរួមក្នុងបេសកកម្មរាប់អត្រាប្រជាពលរដ្ឋគ្មានផ្ទះសម្បែង ដែលរស់នៅពាសពេញ​ទីក្រុង​ឡុងប៊ិច ដែលជាផ្នែកមួយនៃយុទ្ធាការរាប់ចំនួនអ្នកគ្មានផ្ទះសម្បែរស់នៅក្នុងទីក្រុងឡុងប៊ិចឆ្នាំ២០២០ ព្រឹត្តិការណ៏នេះនឹងធ្វើឡើងនៅទូទាំងទីក្រុង ដើម្បីកំណត់អត្តសញ្ញាណអ្នក​គ្មានផ្ទះសម្បែង​នៅក្នុង​សហគមន៍។ ការរាប់នេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស នៃផ្នែកផ្ដល់សេវាកម្ម​ដល់អ្នកគ្មានផ្ទះសម្បែង ដោយមានគោលបំណង “ស្វែងយល់អំពីវិសាលភាព​នៃភាពគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងដើម្បីជួយបង្កើតសេវាកម្មផ្សេងៗ និងលំនៅដ្ឋានសម្រាប់​ប្រជាពលរដ្ឋដែលកំពុងឆ្លងកាត់ភាពគ្មានផ្ទះសម្បែងរស់នៅ” ។

ពួកគេត្រូវបានបំបែកជាក្រុមតូចៗ ពី៣ ទៅ៥ នាក់ ដែលក្រុមនីមួយៗ ត្រូវបានគេបញ្ជូនទៅស្ទង់​មតិនៅតំបន់ខុសៗគ្នា នៃទីក្រុងឡុងប៊ិច និង ដើម្បីប្រមូលទិន្នន័យជាមួយនឹងការស្ទង់មតិ​ដែលមាន​សំណួរ​ទាំង​អស់ចំនួន ២០សំនួរ។

សំណួរមានជំរើសដែលគេសួររួមមាន អាយុ ពូជសាសន៍ ភេទ ពិការភាព និងមូលហេតុដែលធ្វើឱ្យ​ក្លាយ​ទៅជាអ្នកគ្មានផ្ទះសម្បែង។

នៅពេលបញ្ចប់ការស្ទង់មតិនេះ អ្នកដែលគ្មានផ្ទះសម្បែងត្រូវបានគេផ្តល់ជូនប័ណ្ណ​អំណោយដែល​មាន ទឹកប្រាក់ចំនួន ៥ដុល្លារ។

សម្រាប់អ្នកគ្មានផ្ទះសម្បែងទាំងឡាយណាដែលចង់ដឹងព័ត៌មានទាក់ទងនឹងទីកន្លែងដែលពួកគេអាចរកទីជម្រកបាន អ្នកស្ម័គ្រចិត្តបានផ្តល់ប័ណ្ណព័ត៌មានដល់ពួកគេ ​សំរាប់ព័ត៌មានលំអិតអំពីទីជម្រក​សម្រាប់​រដូវ​​​រងារ​របស់ទីក្រុងឡុងប៊ិច ។ ពួកគេក៏ត្រូវបានណែនាំអំពីការប្រើប្រាស់​មជ្ឈមណ្ឌល​ពហុសេវាកម្ម​ដែល​​មានទីតាំងស្ថិតនៅអាគារលេខ ១៣០១ W ផ្លូវទី១២ ផងដែរ។

មជ្ឈមណ្ឌលពហុសេវាកម្មផ្តល់ជូនប្រជាពលរដ្ឋនូវធនធានផ្សេងៗ ដែលមានដូចជា កន្លែងងូតទឹក ការប្រឹក្សាពីវិបត្តិផ្សេងៗ ជំនួយផ្នែកស្វែងរកការងារ ការផ្តល់កន្លែងស្នាក់នៅ សេវាកម្មផ្នែក​ថែទាំ​សុខភាព សេវាកម្មផ្នែកជំងឺអេដស៍ ការបញ្ជូនអោយទៅព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត និងការ​ប្រើប្រាស់​សារជាតិញឿនលើសកំណត់ សេវាកម្មសំរាប់អតីតយុទ្ធជន ការផ្សារភ្ជាប់​ទៅនឹងអត្ថប្រយោជន៏ចម្បង​ផ្សេងៗ​ និងការបញ្ជូនទៅរកធនធានរបស់សហគមន៍។

បញ្ហាមួយដែលអ្នកគ្មានផ្ទះសម្បែងជាច្រើននាក់បានប្រឈមមុខគឺកង្វះកន្លែងស្នាក់នៅសម្រាប់សត្វចិញ្ចឹមរបស់ពួកគេ។ ស្ត្រីម្នាក់ឈ្មោះ C.M. ដែលមានដើមកំណើតអាមេរិកឡាទីន ​បានដើរចេញពីតង់​ក្បែរ​នោះ​ជាមួយនឹងឆ្កែតូចមួយរបស់គាត់ដើម្បីចូលរួមធ្វើការស្ទង់មតិ។ គាត់បានបាត់បង់ផ្ទះរបស់គាត់​ដោយ​សារ​បញ្ហា​ទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ ហើយឥឡូវនេះគាត់បានរស់នៅដោយគ្មាន​ផ្ទះសម្បែងអស់​រយៈពេលជាងមួយឆ្នាំហើយ។

គាត់បានរួចផុតពីអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែសុខភាពផ្លូវចិត្តរបស់គាត់បានរារាំងគាត់ពី​ការទទួលបាន​ការងារ ឬទីជំរក។ បើទោះបីជាគាត់ត្រូវបានគេផ្តល់ព័ត៌មានអំពីទីកន្លែងស្នាក់នៅក៏ដោយ ក៏នាងបាន​ចោទសួរថាតើឆ្កែរបស់គាត់នឹងត្រូវបានគេទទួលអោយស្នាក់នៅដែរឬទេ។

គាត់បាននិយាយទៀតថា៖ «គុណវិបត្តិតែមួយគត់គឺថាពួកគេមិនចង់ទទួលយកឆ្កែរបស់ខ្ញុំ […] ហើយខ្ញុំ​មិនចង់ទុកឆ្កែរបស់ខ្ញុំចោលទេ។

បញ្ហាផ្សេងទៀតដែលពួកគេប្រឈមមុខគឺមធ្យោបាយក្នុងការធ្វើដំណើរ។ បុរសម្នាក់បាននិយាយ​ថាដោយ​សារតែរូបរាងរបស់គាត់ គាត់មិនត្រូវបានគេអនុញ្ញាតឱ្យគាត់ជិះឡានក្រុងនោះទេ។ បុរសម្នាក់ទៀតបាននិយាយថាកង់របស់គាត់ត្រូវបានគេលួច ហើយអ្នកផ្សេងទៀតដែលបាន​ប្រើប្រាស់​សេវាកម្មរបស់មជ្ឈមណ្ឌលពហុសេវាកម្មពីមុននិយាយថាឡាន​ Van របស់គាត់ទើបតែឆេះ​គ្មាន​សល់។

ក្រុមមន្រ្តីបាននិយាយថា កាលពីមុនការរាប់ចំនួនអ្នកគ្មានផ្ទះសម្បែងត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ប៉ុន្តែឥឡូវនេះការរាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែងនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។

នៅឆ្នាំនេះ កម្មវិធីស្មាតហ្វូនសំរាប់រាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែងត្រូវបានណែនាំជាលើកដំបូងដើម្បី​ជួយជាវិធីសាស្ត្រអេឡិចត្រូនិចក្នុងការទទួលបានព័ត៌មានក្នុងកំឡុងយុទ្ធនាការរាប់ចំនួនបុគ្គលគ្មានផ្ទះសម្បែង ដែលធ្វើទៅជាមួយប្រព័ន្ធដែលពីមុនប្រើតែក្រដាសតែមួយមុខ​គត់ដើម្បីរាប់ចំនួន​អ្នកគ្មាន​ផ្ទះសម្បែង។

R.C. បាននិយាយថា “ខ្ញុំសូមកោតសរសើរចំពោះអ្វីដែលអ្នកស្ម័គ្រចិត្ត​ជាពិសេសអ្នកស្ម័គ្រចិត្តស្រីៗ​បាន​យកចិត្តទុកដាក់ចំពោះពិភពលោក”។ “មនុស្សគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះមនុស្សដូចគ្នា ដែលរស់នៅលើពិភពលោកនេះ។”